“ខ្ញុំនឹងមិនអោយក្លឹបរបស់ខ្ញុំដួលជាដាច់ខាត បើទោះបីជាខ្ញុំត្រូវធ្វើការងារនេះតែបងប្អូនរបស់ខ្ញុំ”
ប្អូនស្រី សឿន ម៉ោរ៉ាប្រធានក្លឹបយុវជនសាគមគ្គីឃុំកំពង់ចាមស្ថិតក្នុងភូមិកោះផ្តៅ
ស្ថិតក្នុងវ័យ ១៧ឆ្នាំ
ប្អូនស្រី សឿន ម៉ោរ៉ា គឺជាសិស្សថ្នាក់ទី ១១ និងជាប្រធានក្លឹបយុវជនសាគមគ្គីឃុំកំពង់ចាមស្ថិតក្នុងភូមិកោះផ្តៅ
ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ មុនដំបូងនៃការចាប់ផ្តើមការងារស្ម័គ្រចិត្តរបស់នាង
គឺដោយសារវត្តមាននៃស័្មគ្រចិត្តយុវតារាពីររូប គឺលោក អុំា ល័ក្ខ និងកញ្ញា លាស់ ចំរើន
ដែលបានមកបំពេញការងារនៅក្នុងឃុំរបស់នាង។
ដោយកាលនោះអ្នកស្ម័គ្រចិត្តយុវតារាបានចាប់ផ្តើមបង្កើតការគៀងគរធនធាននៅក្នុងសហគមន៍សំដៅលើកកម្ពស់ការអប់រំរបស់កុមារនៅទីនោះ។
អ្នកស្ម័គ្រចិត្តយុវតារាបានបង្កើតឲ្យមានថ្នាក់បំប៉នភាសាអង់គ្លេសនៅក្នុងសហគមន៍
ពេលនោះហើយដែលប្អូនស្រី ម៉ោរ៉ាបានចូលរៀនក្នុងថ្នាក់បំប៉ននោះ។ មិនយូរប៉ុន្មាន
ដោយហេតុតែស្រលាញ់និងឲ្យតម្លៃលើការងារស្ម័គ្រចិត្ត
ក៏ដូចជាចង់ចូលរួមចំណែកជួយដល់ការសិក្សារបស់កុមារតូចៗនៅក្នុងសហគមន៍របស់ខ្លួន
ម៉ោរ៉ាបានសម្រេចចិត្តស្នើសុំគ្រូស្ម័គ្រចិត្តយុតារាដើម្បីចូលរួមក្នុងក្លឹបយុវជននៅខែកញ្ញា
ឆ្នាំ២០១៨។ ដោយមើលឃើញពីសមត្ថភាព ទេកោសល្យ និងការខិតខំព្យាយាមរបស់ ម៉ោរ៉ា
នាងក៏ត្រូវបានតែងតំាងជាប្រធានក្លឹបយុវជនសាមគ្គីឃុំកំពង់ចាម។
ម៉ោរ៉ាបានចូលរួមយ៉ាងសកម្មជាមួយអ្នកស្ម័គ្រចិត្តយុវតារាដើម្បីធ្វើសកម្មភាពផ្សេងៗជាប្រចាំមានដូចជា
ការធ្វើអំណានតាមភូមិ ថ្នាក់បំប៉ន យុទ្ធនាការណ៍ផ្សព្វផ្សាយ
និងសកម្មភាពសិល្បៈនានានៅក្នុងសហគមន៍ទំាងមូល។ ប្អូនស្រីបានដឹកនាំសកម្មភាពថ្នាក់អំណានជាទៀងទាត់រៀងរាល់ថ្ងៃអាទិត្យ
ថែមទាំងដឹកនាំការប្រជុំក្លឹបនៅរៀងរាល់សប្តាហ៍ទី៤។ ស្របពេលដែលខ្លួនត្រូវឡើងមករៀននៅទីរួមស្រុក
ម៉ោរ៉ាត្រូវជិះទូកដរពីស្រុកសំបូរទៅកោះរងាវនៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ដើម្បីធ្វើកម្មវិធីអំណាន។
ម៉ោរ៉ាគាត់បានលះបង់ទាំងពេលវេលា ថវិកាផ្ទាល់ខ្លួន ការរៀនគួរ ការងារផ្ទះរបស់គាត់
ដើម្បីតែក្លឹប។
លើសពីនេះ ម៉ោរ៉ាបានដឹកនាំសកម្មភាពសិល្បៈដើម្បីគៀងគរថវិកាសម្រាប់ទ្រទ្រង់ក្លឹប
លើកកម្ពស់វប្បធម៌ បញ្ជ្រៀបអោយប្រជាជនយល់ក្លឹបយុវជន
និងស្គាល់ពីអង្គការយុវតារាជាច្រើនលើកនិងយុទ្ធនាការណ៍ផ្សព្វផ្សាយជាច្រើនលើក។ ម៉ោរ៉ាបានប្រើប្រាស់បទពិសោធន៍នៃការដឹកនាំក្លឹបបានយ៉ាងល្អប្រសើរ
និងដើរតួជាគំរូរទៅដល់សមាជិកក្លឹបរបស់នាង។
ម៉ោរ៉ាគឺប្រធានក្លឹបក៏ដូចជាយុវជនគំរូរម្នាក់នៅក្នុងសហគមន៍ដោយនាងតែងតែផ្តួចផ្តើមគំនិត
គៀងគរ
និងជំរុញលើកទឹកចិត្តទៅដល់សមាជិកក្លឹបឲ្យខិតខំប្រឹងប្រែងបន្តសកម្មភាពការងារស្ម័គ្រចិត្តដោយរស់រវើកនិងមិនអោយសមាជិកណាម្នាក់បោះបង់ក្លឹបឡើយ
បើទោះបីជាអវត្តមានរបស់គ្រូស្ម័គ្រចិត្តយុវតារា ដោយនាងបានលើកឡើងយ៉ាងដូច្នេះថា “ខ្ញុំនឹងមិនអោយក្លឹបរបស់ខ្ញុំដួលជាដាច់ខាត
បើទោះបីជាខ្ញុំត្រូវធ្វើការងារនេះតែបងប្អូនរបស់ខ្ញុំ”។
Comments
Post a Comment